ក្រុមហ៊ុន Epson ដែលជាក្រុមហ៊ុនឈានមុខគេលើសកលលោកក្នុងវិស័យបោះពុម្ព និងបច្ចេកវិទ្យាបញ្ចាំងស្លាយ កំពុងប្រារព្ធខួបលើកទី ៥០ របស់ខ្លួននៅឆ្នាំនេះ ខណៈដែលបានបញ្ជាក់ជាថ្មី ពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការជំរុញកំណើនទីផ្សារនៅកម្ពុជា។ ក្រុមហ៊ុនមានគោលបំណងផ្តល់នូវបច្ចេកវិជ្ជាទំនើប និងដំណោះស្រាយអាជីវកម្មដ៏ទូលំទូលាយ ដែលបំពេញតម្រូវការគ្រប់វិស័យឧស្សាហកម្ម និងពង្រឹងសមត្ថភាពអាជីវកម្មគ្រប់ទម្រង់។

ប្រទេសកម្ពុជាកំពុងឈានទៅមុខយ៉ាងឆាប់រហ័សនៅក្នុងសេដ្ឋកិច្ចឌីជីថល ដោយទីផ្សារ IT កើនឡើងជាមធ្យមប្រមាណជិត ១០ ភាគរយជារៀងរាល់ឆ្នាំ ហើយពាណិជ្ជកម្មអេឡិចត្រូនិកបានកើនឡើងលើសពីការរំពឹងទុកដែលមានតម្លៃរាប់ពាន់លានដុល្លារ។ ការផ្លាស់ប្តូរនេះគឺជាកម្លាំងចលករជំរុញឱ្យស្ថាប័នផ្សេងៗចាប់ពីសាជីវកម្មខ្នាតធំទៅសហគ្រាសខ្នាតតូច និងមធ្យម (SMEs) ក្នុងការធ្វើឱ្យប្រសើរឡើងនូវបច្ចេកវិទ្យារបស់ពួកគេដើម្បីពង្រឹងសមត្ថភាពប្រកួតប្រជែង។ ក្នុងបរិបទនេះ ក្រុមហ៊ុន Epson អាស៊ីអាគ្នេយ៍ បានគូសបញ្ជាក់ពីចក្ខុវិស័យរបស់ខ្លួនសម្រាប់ឆ្នាំ ២០២៥ ដោយប្រកាសពីផែនការពង្រឹងវត្តមានរបស់ខ្លួននៅគ្រប់ប្រភេទផលិតផលទាំងអស់។
